សម្ដេចមានអនុស្សាវរីយ៍ច្រើនជាមួយសាកលវិទ្យាល័យចំណាស់មួយនេះ

ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយនិស្សិតជ័យលាភី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកទី២២ ដែលសម្ដេចចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច មិនតែប៉ុណ្ណោះ សម្ដេចក៏ធ្លាប់ជាគ្រូឧទ្ទេសបង្រៀនវគ្គខ្លី និងចូលរួមសម្ភោធសមិទ្ធផលនានានៅសាកលវិទ្យាល័យចំណាស់មួយនេះដែរ។