សម្ដេច៖ RULE ជាសាកលវិទ្យាល័យខ្មែរដែលមាននិស្សិតបរទេសរៀនច្រើនជាងគេ
ធ្លាប់តែជាប្រទេសដែលបញ្ចូលនិស្សិតទៅបន្តការសិក្សានៅបរទេស រហូតក្លាយជាប្រទេសដែលមាននិស្សិតបរទេសមកសិក្សាយ៉ាងច្រើនកុះករ។ ជាក់ស្ដែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច មាននិស្សិតបរទេសជាច្រើនបាន និងកំពុងសិក្សា ពិសេសមាននិស្សិតជនជាតិបារាំងរហូតដល់៩៩នាក់ដែលបាន និងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ។ តួលេខនេះទទួលបានចំណាប់អារម្មណ៍ខ្លាំង និងការកោតសសើរពីសម្ដេចអគ្គមហាសេនាបតី តេជោ នាយករដ្ឋមន្ត្រី ក្នុងកិច្ចសំណេះសំណាលជាមួយនិស្សិតជ័យលាភី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ។