តើវិសាខបូជាជាអ្វី?
តើវិសាខបូជាជាអ្វី?
ពាក្យវិសាខបូជា បើតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត វិសាខបូជា គឺជាឈ្មោះពិធីបុណ្យ ឬ ការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ។ បុណ្យនេះគេធ្វើឡើងដើម្បីរម្លឹក និងឱ្យចងចាំដល់ព្រឹត្តិការណ៍ធំៗសំខាន់ៗចំនួន៣ គឺ៖
ទី១/ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត
ទី២/ ជាថ្ងៃដែលទ្រង់បានត្រាស់ដឹងនូវធម៌ ឬធម្មជាតិទាំងអស់ក្នុងលោក
ទី៣/ ជាថ្ងៃដែលទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន។
បុណ្យវិសាខបូជា គឺជាបុណ្យមួយដ៏សំខាន់បំផុត ក្នុងប្រពៃណីរបស់អ្នកកាន់លទ្ធិពុទ្ធសាសនានៅលើសកលលោក រួមបញ្ជូលទាំងសង្គមខ្មែរយើងផង។ មនុស្សគ្រប់គ្នាដែលជាពុទ្ធសាសនិកជនខ្មែរ តែងតែប្រារព្ធធ្វើឡើងពិធីបុណ្យនេះជារៀងរាល់ឆ្នាំឥតដែលមានអាក់ខានម្តងណាឡើយ។
មិនតែប៉ុណ្ណោះ ជុំវិញពិធីបុណ្យនេះ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិផង ដែលអនុញ្ញាតឱ្យសាធារណៈជនអាចប្រារព្ធធ្វើពីធីបុណ្យនេះបាននៅគ្រប់កន្លែងទូទាំងពិភពលោក មិនចំពោះតែរដ្ឋដែលប្រកាន់យកលទ្ធិពុទ្ធសាសនានោះឡើយ ។
ដោយ៖ វ៉ាន រ៉ា
កម្មវិធី៖ សក្យចារឹក
ឯកសារយោង៖
ជួន ណាត, វចនានុក្រមខ្មែរ, (ភ្នំពេញ៖ ពុទ្ធសាសនបណ្ឌិត្យ, ១៨៦៧)។