តើគេធ្វើអ្វីខ្លះក្នុងថ្ងៃបុណ្យវិសាខបូជា?

តើគេធ្វើអ្វីខ្លះក្នុងថ្ងៃបុណ្យវិសាខបូជា?

សម្រាប់ក្នុងពិធីបុណ្យវិសាខបូជា គេច្រើននាំគ្នាប្រារព្ធក្នុងវេលារាត្រី ព្រោះតម្រូវទៅតាមពាក្យថា បុណ្ណមី មានសេចក្តីថា ខែពេញបូណ៌មី។ ម៉្យាងវិញទៀត ការប្រារព្ធពិធីក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល ២ យ៉ាង៖

ទី១/ ដើម្បីបាន ឱកាសអុជគ្រឿងប្រទីបជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿង រន្ដាលច្រាលឆ្អិនឆ្អៅ

ទី២/ ដើម្បីបើកឱកាស ឳ្យពុទ្ធបរិស័ទបានជួបជុំគ្នាច្រើនកុះករ ទាំងប្រុស ទាំងស្រី អាចបំពេញកុសលកម្មនេះ ដោយសប្បាយរីករាយ ព្រោះពេលយប់ជាវេលាទំនេរផង ។

ពិធីបុណ្យវិសាខបូជា ចាត់ទុកថាជាបុណ្យដ៏ធំ ដោយមានមហាជន ប្រជាជនចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នា អ៊ូអរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី និងប្រទីពជ្វាលាតូចធំ អុជបំភ្លឺព្រោងព្រាត នៅគ្រប់វត្តអារាម។

គ្រប់វត្តអារាម រៀបចំពិធីបុណ្យវិសាខបូជាឱ្យបានមហោឡារិក ស្របតាមទំនៀម ទម្លាប់ ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា។ សម្រាប់នៅតាមបណ្តារាជធានី ខេត្ត នីមួយៗ ត្រូវជ្រើសរើស វត្តណាមួយដែលមានលក្ខណៈសមស្រប ប្រារព្ធពិធី បុណ្យវិសាខបូជា ជាផ្លូវការ។ គ្រប់វត្ត មណ្ឌលវិបស្សនាធុរៈ និងអាស្រមព្រះពុទ្ធសាសនាធ្វើការបោសសម្អាតទីធ្លា ព្រះវិហារ កុដិ ឧបដ្ឋានសាលា និងកន្លែងគោរពសក្ការៈបូជា ព្រមទាំងតុបតែងលម្អផ្កាភ្ញី បំភ្លឺភ្លើង ចងបដា ដែលមានរូបភាពព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង បរិនិព្វាន និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ព្រមទាំងបដាពាក្យស្លោកផ្សេងៗ ត្រូវរៀបចំឱ្យមានពិធីចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា និងដឹកនាំពុទ្ធបរិស័ទសូធ្យធម៌បទ ធ្វើសមាធិកម្មដ្ឋាន ជាដើម។

 

ដោយ៖ វ៉ាន រ៉ា

កម្មវិធី៖ សក្យចារឹក

ឯកសារពិគ្រោះ៖

ជា គាន,​ ប្រវត្តិវិសាខបូជា (ភ្នំពេញ៖ ពុទ្ធសាសនបណ្ឌិត្យ និងបណ្ណាល័យអេឡិចត្រូនិចខ្មែរ,១៩៩៥), ៩-១០។